11/05/2026
នារសៀលនេះ គណៈគ្រប់គ្រងសាមណេរបរិយត្តិ ព្រះញាណចរិយ អ៉ី ចាន់អៀង តំណាងដ៏ខ្ពុងខ្ពសរបស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រមទាំងសមណសិស្ស-សិស្ស នៃសាលាពុទ្ធិកបឋមសិក្សា ពុទ្ធមណ្ឌលវិបស្សនាធុរៈ បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ របស់សាលាអនុគណស្រុកពញាឮ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងពោរពេញដោយបរិយាកាសសទ្ធាជ្រះថ្លា នៅមុខទីលានព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ មានព្រះវត្តមាន-វត្តមាន៖
- សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី ព្រះមេគណខេត្ត និងព្រះសហការីគណ
- ព្រះអនុគណស្រុកពញាឮ និងព្រះសហការី ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ
ព្រះចៅអធិការវត្ត គ្រូសូធ្យឆ្វេង-ស្តាំ សមណសិស្ស-សិស្ស
- លោកអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
- លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ នុិងមន្ត្រីក្រោមឱវាទសាលាស្រុក
- ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ លោកអាចារ្យ និងគណៈកម្មការទាំង៤៦វត្ត ទូទាំងស្រុកពញាឮ
បានស្តាប់ការផ្សព្វផ្សាយអំពីទិសដៅការងារព្រះពុទ្ធសាសនា ការអប់រំពុទ្ធិកសិក្សា និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ សីលធម៌ និងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះដែរ ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានសមណសង្ឃ ពុទ្ធិកសិក្សា ដើម្បីបណ្តុះសមណសិស្ស-សិស្សឱ្យមានទាំងចំណេះដឹង វិន័យ និងគុណធម៌ សមជាទំពាំងស្នងឫស្សីសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសាមគ្គីភាព ភាតរភាព និងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ។
━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦