02/09/2026
ខ្ញុំបានធ្វើវីដេអូនិយាយពីការធ្វើរោគវិនិច្ឆ័យខុសចំពោះជំងឺមហារីកសុដន់ ខ្ញុំទទួលបានសាររាប់រយ យោបល់រាប់រយ ការចែករំលែករាប់ពាន់។ ខ្ញុំជ្រើសរើសមិនប្រាប់ឈ្មោះមន្ទីរពេទ្យឬគ្រូពេទ្យដោយការគោរព ជាពិសេសខ្ញុំយល់ថា ករណីខ្ញុំជាករណីកម្រ។ នៅពេលផុសនោះផ្ទុះ ខ្ញុំអានមតិយោបល់ខ្លះ ខ្ញុំទទួលអារម្មណ៍លើសលប់ ខ្ញុំមិនមានអារម្មណ៍ខឹងមន្ទីរពេទ្យនោះម្នាក់ឯងទេ តែខ្ញុំទទួលអារម្មណ៍អយុត្តិធ៌ម ខឹង និងភ័យខ្លាចពីអ្នកដែលមើលវីដេអូខ្ញុំ ព្រោះមនុស្សធ្លាប់ឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យខុសដូចគ្នា និងខ្លាចរឿងនេះដូចគ្នា។ ដោយសារខ្ញុំជាអ្នកជំនាញព្យាបាលផ្លូវចិត្តបែបចិត្តសាស្ត្រ ខ្ញុំក៏យល់ដែលថា ការព្យាបាលនរណាម្នាក់មិនមែនងាយស្រួល ហើយរឿងខ្លះយើងពិតជាមិនអាចចេះអស់។ បន្ទាប់ពីទទួលសារច្រើនពេក ខ្ញុំជ្រើសរើសដកខ្លួនមកឆ្លុះបញ្ចាំង គិតបែកចែកនិងស្វែងយល់ពីអារម្មណ៍ដែលកំពុងកើតឡើងក្នុងខ្លួន មុននឹងខ្ញុំឆ្លើយតបទៅអ្នកផ្ញើសារឱ្យខ្ញុំ ហើយខ្ញុំជ្រើសរើសមិនអានយោបល់ឬខមិនទាំងអស់។ បើខ្ញុំប្រតិកម្មពេលនោះ ខ្ញុំអាចនឹងស្តាយក្រោយឬបំផ្លាញអនាគតឬបង្កការឈឺចាប់ដល់នរណាម្នាក់។ តែទោះជាវីដេអូនោះផុស មន្ទីរពេទ្យនោះមិនមានការឆ្លើយតបឡើង ខ្ញុំគិតថាគាត់ប្រហែលជាមិនដឹង។
ដូច្នេះប៉ុន្មានថ្ងៃមុន ឃើញផុសរបស់ផេកពេទ្យនោះ ខ្ញុំក៏ទាក់ទងទៅផ្ទាល់និងផ្ញើវីដេអូរបស់ខ្ញុំធ្វើឱ្យគាត់មើល ព្រមទាំងបញ្ចេញអារម្មណ៍ខកចិត្តចំពោះការធ្វើរោគវិនិច្ឆ័យខុសរបស់គ្រូពេទ្យនៅមន្ទីរពេទ្យនោះ។ ខ្ញុំអស់ចិត្តនិងមានសន្តិភាពចំពោះរឿងនេះ (ការធ្វើរោគវិនិច្ឆ័យខុស) នៅពេលខ្ញុំបានអានសារតបរបស់ក្រុមអ្នកគ្រប់គ្រងមន្ទីរពេទ្យនោះ។ ខ្ញុំមោទនភាពចំពោះខ្លួនឯងដែលខ្ញុំទទួលខុសត្រូវលើចំណែកខ្ញុំ និងទទួលខុសត្រូវលើអារម្មណ៍ មុននឹងខ្ញុំឆ្លើយតបនិងទាក់ទងទៅមន្ទីរពេទ្យ។
នេះជាភាពខុសគ្នារវាង ប្រតិកម្ម (React) និង ឆ្លើយតប (Respond)
នៅពេលអ្នកកំពុងតានតឹងខ្លាំង អារម្មណ៍ម៉ួម៉ៅ ឆេវឆាវ ខឹង ឬកំពុងមានអារម្មណ៍ជួបរឿងលើសលប់ សូមដកខ្លួនមកស្វែងយល់ពីខ្លួនឯង (តើមានអ្វីកំពុងកើតឡើងក្នុងខ្លួនខ្ញុំ? តើខ្ញុំកំពុងមានអារម្មណ៍អ្វី?...) ជាជាងអ្នកប្រតិកម្មជាមួយបញ្ហា រឿងរ៉ាវ ឬការតានតឹងនោះ។ ការប្រើអារម្មណ៍ទៅដោះស្រាយបញ្ហាពេលនោះ (ប្រតិកម្ម) ដោយមិនបានគិតពិចារណាគ្រប់ជ្រុងជ្រោយ ហើយវាអ្នកធ្វើឱ្យខ្លួនឯងស្តាយក្រោយឬបង្កើតកំហុស ឬបង្កការឈឺចាប់ដល់អ្នកដទៃដោយមិមដឹងខ្លួន។ នៅពេលអ្នកដកខ្លួន មកឆ្លុះបញ្ចាំងនិងស្វែងយល់ពីខ្លួនឯង ទទួលខុសត្រូវចំណែករបស់អ្នកដោយការសម្រួលអារម្មណ៍ មុននឹងឆ្លើយតប អ្នកនឹងដោះស្រាយបញ្ហានេះប្រសើរជាង និងល្អដល់អ្នកទាំងអស់គ្នា។ ក្នុងការចិញ្ចឹមបីបាច់កូនក៏ដូចគ្នា មុនកែអាកប្បកិរិយាមិនល្អរបស់កូន គួរសួរខ្លួនឯងសិនថា តើខ្ញុំកំពុងប្រតិកម្មជាមួយអាកប្បកិរិយាគាត់ឬ កំពុងឆ្លើយតបទៅគាត់? ឪពុកម្តាយគួរទទួលខុសត្រូវចំពោះអារម្មណ៍របស់ខ្លួននិងធ្វើជាគំរូដល់កូនចំពោះរឿងដែលប៉ះចិត្តខ្លាំង ជ្រើសរើសដកខ្លួនឬយកពេលមកសម្រួលអារម្មណ៍ មិនឆ្លើយតបទៅកូន។ សូមកុំប្រតិកម្មជាមួយអាកប្បកិរិយាមិនល្អរបស់កូនជាមួយអារម្មណ៍មិនល្អរបស់ខ្លួន🙏
សូមចូលរួមក្រុមតេឡេក្រាមខ្ញុំតាមលីងខាងក្រោម
https://t.me/limbouyheak
#សុខភាពផ្លូវចិត្ត #គន្លឹះថែចិត្ត #ភាពធន់ផ្លូវចិត្ត #ថែទាំខ្លួនឯង #ជួយខ្លួនឯង #អ្នកចិត្តសាស្ត្រខ្មែរ #លឹមប៊ួយហៀក -Help