25/09/2026
មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកិច្ចប្រជុំត្រៀមការធ្វើជំរឿនមន្ត្រី និងបែងចែកភារកិច្ចជូនក្រុមការងារ
—————
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំកិច្ចប្រជុំត្រៀមការធ្វើជំរឿនមន្ត្រី និងបែងចែកភារកិច្ចជូនក្រុមការងារ ក្រោមអធិបតីភាព លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានទទួលបន្ទុកមណ្ឌល «គ» (មន្ទីរពេទ្យជាតិ តេជោសន្តិភាព) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសមាជិកក្រុមការងារពាក់ព័ន្ធ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តយុទ្ធនាការជំរឿនមន្ត្រីនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ»។
អង្គប្រជុំបានផ្តោតលើការរៀបចំផែនការអនុវត្ត ការបែងចែកតួនាទី និងភារកិច្ចជូនក្រុមការងារ ព្រមទាំងការត្រៀមឯកសារ និងព័ត៌មានចាំបាច់ ដើម្បីធានាឱ្យការធ្វើជំរឿនអាចកំណត់បានច្បាស់លាស់នូវរចនាសម្ព័ន្ធ និងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ដើម្បីធានាឱ្យដំណើរការជំរឿនមន្ត្រីប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានប្រសិទ្ធភាព៕