23/06/2026
ជំងឺភ្លេចភ្លាំងឬ ជំងឺវង្វេង (Dementia)
គ្រប់ជំងឺភ្លេចភ្លាំងឬជំងឺវង្វេង មិនមែនសុទ្ធតែបាត់ការចងចាំទេ។ ខាងក្រោមនេះជាប្រភេទផ្សេងៗនៃជំងឺវង្វេង ហើយរោគសញ្ញាវាគឺអាស្រ័យទៅលើតំបន់នៃខួរក្បាលដែលរងការប៉ះពាល់៖ វាអាចទាក់ទងនិងការបាត់បង់ការចងចាំ (memory problems) ការផ្លាស់ប្តូរអត្តចរិត (personality changes) ការឮសម្លេងដែលគ្មានប្រភព (hallucination) ការគិតយឺត (slowed thinking) និងបញ្ហាទាក់ទងនិងការមើល (visual processing problems)។ ជំងឺវង្វេង ឬ ភ្លេចភ្លាំង មាន ៥ ប្រភេទ៖
1. ជំងឺអាល់ហ្សៃមើ (Alzheimers’ Disease)៖ អ្នកជំងឺតែងនិយាយថា “ខ្ញុំបាត់ការចងចាំហើយ ឬ ខ្ញុំអត់ចាំអីទេ” ករណីនេះសញ្ញារបស់គាត់គឺទាក់ទងនិងការចងចាំ។ រោគសញ្ញាគឺមាន អ្នកជំងឺសួរសំណួរដដែលៗ ភ្លេចកន្លែងដាក់របស់របរ វង្វេងទីកន្លែងដែលធ្លាប់ស្គាល់ពីមុន ពិបាកនិងរៀនអ្វីថ្មីៗ។ តំបន់ខួរក្បាលដែលប៉ះពាល់គឺតំបន់ហ៊ីប៉ូខាំពុស (hippocampus)។
2. ជំងឺវង្វេងដែលទាក់ទងតំបន់ថ្ងាស និងសៀតផ្កានៃខួរក្បាល (Frontotemporal Dementia): អ្នកជំងឺគឺផ្លាស់ប្តូរទៅជាមនុស្សផ្សេង អាចជាការផ្លាស់ប្តូរអត្តចរិត ឬ ភាសារនិយា។ រោគសញ្ញាគឺមាន បាត់បង់នូវការយល់ចិត្ត (loss of empathy) មានអកប្បកិរិយាចម្លែក ពិបាករកនឹកពាក្យនិយាយ ឬ មិនយល់នូវភាសារដែលធ្លាប់ស្តាប់ពីមុន និងជួនកាលញ៉ាំអ្វីច្រើនគំហុកឬបន់ស្រន់ច្រើនខុសធម្មតា។ តំបន់ខួរក្បាលដែលខូចខាតគឺតំបន់ថ្ងាស (frontal lobes) និងតំបន់ សៀតផ្កា (temporal lobes)។
3. ជំងឺវង្វេងទាក់ទងនិងជាតិប្រ៉ូតេអ៉ីនម្យាងឈ្មោះ អង្គ លូវី (demential with Lewy bodies): សភាពអ្នកជំងឺគឺប្រែលប្រួលសឹងតែរាល់ថ្ងៃ។ សញ្ញារបស់គាត់គឺការគិតឡើងចុះ ម្តងល្អ ម្តងអាក្រក់ និង មើលឃើញនូវអ្វីដែលយើងមិនអាចមើលឃើញ (visual hallucination)។ អ្នកជំងឺអាចមើលឃើញជាសត្វ ឬ មនុស្សដែលមិនមាននរណាអាចមើលឃើញ គាត់អាចមានសញ្ញាដូចជាជំងឺប៉ាគីនសុន ដូចជាញ័រ ឬយឺត គាត់គេងមមើច្រើន (REM sleep behaviour disorder)។ តំបន់ខួរក្បាលដែលប៉ះពាល់គឺលាតសន្ធឹងនៅតំបន់ជាច្រើននៃខួរក្បាល។
4. ជំងឺវង្វេងទាក់ទងនិងសសៃឈាម (Vascular dementia): សញ្ញាដែលចំណាំគឺអ្នកជំងឺមានសភាពយឺត និងលែងមានរបៀបរៀបរយ។ ជាទូទៅអ្នកជំងឺចាប់ផ្តើមពីការគិតយឺត និងការវិភាគយឺត (executive dysfunction)។ រោគសញ្ញារួមមាន ពិបាកនឹងគិត វិភាគ ឬ រៀបចំផែនការ មិនអាចធ្វើការងារច្រើនមុខក្នុងពេលតែមួយ និងមានបញ្ហាទាក់ទងនិងដំណើរ (gait problems)។ តំបន់ខួរក្បាលដែលប៉ះពាល់គឺវានៅតំបន់ដែលប៉ះពាល់ដោយស្ត្រូក ឬ តំបន់ដែលមានជំងឺទាក់ទងសសៃឈាម។
5. ជំងឺវង្វេងទាក់ទងនិងការស្វិតខួរក្បាលផ្នែកខាងក្រោយ (posterior cortical atrophy - visual variant): អ្នកជំងឺអាចនិយាយថា ខ្ញុំអាចមើលឃើញ តែខ្ញុំមិនអាចបកស្រាយឬពន្យល់ថាអ្វីដែលខ្ញុំឃើញនោះជាអ្វី? ជាទូទៅអ្នកជំងឺប្រភេទនេះ គាត់មានបញ្ហាទាក់ទងនិងការចក្ខុ មិនទាក់ទងនិងការចងចាំទេ។ រោគសញ្ញានៃអ្នកជំងឺរួមមាន ពិបាកក្នុងការអាន (អានមិនដាច់) ពិបាកកំណត់ចំងាយ ឬគំលាត វង្វេងទីកន្លែងទោះបីជាមើលឃើញច្បាស់ក៏ដោយ និង ពិបាកនិងចំណាំវត្ថុផ្សេងៗ។ តំបន់ខួរក្បាលដែលប៉ះពាល់គឺនៅតំបន់ចំហៀង និងតំបន់ខាងក្រោយ (parietal and occipital lobes).
(Ref: Dr Riaz, Neurologist, Cleverland Clinic)