01/10/2026
ជម្ងឺរលាកសរសៃពួរកដៃ
====
១.និយមន័យ
គឺជាការឈឺចុកចាប់យ៉ាងខ្លាំងដោយសារការលាកសរសៃរពួរនៅកដៃនិងក្រោមម្រាមមេដៃ។ នៅពេលដែលមានការហើមសរសៃពួរនៅកដៃនាំឲ្យមានការរឹប ឬការរួមត្បៀតទៅលើសរសៃប្រសាទដែលរត់ការតាមនោះ ជាហេតុនាំឲ្យមានការឈឺចុកចាប់ ត្រង់កដៃនិងខាងក្រោមម្រាមមេដៃ។
២.មូលហេតុ
• ការប៉ះទង្គិចដោយផ្ទាល់ទៅលើមេដៃ ឬកដៃ
• ការលេង Game
• ការលេងកីឡាដូចជា វាយកូនបាល់ កីឡាវាយសី
• ស្រ្តីដែលបីកូនតូច ឬអ្នកដែលបីត្រកងមើលថែរឪពុកម្តាយចាស់ជរា
• ជម្ងឺតម្កាត់ផ្សេងៗដូចជាជម្ងឺរលាកសន្លាក់ជាដើម
• ការប្រើប្រាស់មេដៃ និងកដៃច្រើនហួសកម្រិត
៣.តើអ្នកណាខ្លះងាយប្រឈមនឹងកើតជម្ងឺនេះ?
គ្រប់គ្នាសុទ្ធតែអាចកើតជម្ងឺនេះទាំងអស់ ក៏ប៉ុន្តែកត្តាខាងក្រោមនេះគឺជាកត្តាងាយប្រឈមខ្ពស់៖
• អាយុ៖អាយុនៅចន្លោះ ៣០ ទៅ៥០ឆ្នាំ
• ភេទ៖ ស្រ្តីមានអត្រាកើតខ្ពស់ជាងបុរស រហូតដល់៨ដង
• ស្រ្តីដែលបីកូនតូច ឬអ្នកដែលបីត្រកងមើលថែរឪពុកម្តាយចាស់ជរា
៤.រោគសញ្ញា
• មានការឈឺចុកចាប់តិច ឬខ្លាំង និង ការហើមត្រង់ កដៃ ម្រាមមេដៃ
• មានការឈឺចុកចាប់សន្សឹមៗ ឬក៏ចាប់ផ្តើមឈឺភ្លាមៗតែម្តង។ ក្នុងករណីខ្លះមានការឈឺចុកចាប់ ពីមេដៃ ដេញទៅកដៃហើយរហូតដល់កំភួនដៃនិងគួយដៃកមាន។
• មានការលំបាក និងការឈឺចុកចាប់ខ្លាំងនៅពេលដែលយើងកម្រើក ឬយើងព្យាយាមធ្វើចលនា ជាពិសេស ពេលដែលព្យាយាមច្បិច ឬចាប់កាន់វត្ថុ ឬរបស់អ្វីមួយ។
• ឈឺចាប់កាន់តែខ្លាំងនៅពេលដែលយើងធ្វើចលនា ឬកម្រើកម្រាមមេដៃ និងកដៃ
៥.ការកំណត់រោគវិនិច្ឆ័យ
ការកំណត់រោគវិនិច្ឆ័យគឺត្រូវពឹងផ្អែក លើប្រវត្តិជម្ងឺរបស់លោកអ្នក ការពិនិត្យលើរូបរាងកាយ ជាពិសេសនៅត្រង់កន្លែងដែលមានការឈឺចាប់ ការបូមឈាមដើម្បីរកមើល ការបង្កររោគ កម្រិតនៃការរលាក ព្រមទាំងមុខងាររបស់ប្រព័ន្ធសរីរាង្គដទៃទៀតរួមមាន មុខងារតម្រងនោម និងមុខងារថ្លើមជាដើម។ ក្រៅអំពីនេះ យើងក៏អាច ថតកាំរស្មីអ៊ិច (ក្នុងករណីដែលមានការប៉ះទង្គិច ចំមេដៃ ឬ កដៃ)និង ធ្វើអេកូ(ក្នុងករណីដែលមានការហើមរឺសង្ស័យថាមានទឹកដក់នៅសន្លាក់ កដៃ)
៦.ការព្យាបាល
គោលបំណងនៃការព្យាបាលគឺកាត់បន្ថយក៏ដូចជាបំបាត់ការឈឺចាប់និង ការរលាក នៅពេលដែលលោកអ្នក ធ្វើចលនាឬ កម្រើកមេដៃ និងកដៃជាដើម។
ក្នុងដំណាក់កាលនៃការព្យាបាល លោកអ្នកអាចគ្រាន់តែលេបថ្នាំ ឬចាក់ថ្នាំ ឬក៏លេបផងចាក់ផងក៏មាន គឺអាស្រ័យលើស្ថានភាពនឹងកំរិតធ្ងន់ធ្ងររបស់ជម្ងឺ។
ការរុំព្រួល(Splint)និងការព្យាបាលដោយចលនា
ការរុំព្រួលអាចរុំ ២៤ម៉ោងក្នុង១ថ្ងៃនឹងរូតដល់៤-៦អាទិត្យ គឺក្នុងគោលបំណងដើម្បីអប មេដៃ និងកដៃកំឲ្យមានចលនាមួយរយះពេល។
៧.ចំនុចដែលលោកអ្នកគួរគប្បីអនុវត្តន៍នៅផ្ទះ
• អាចស្អុំទឹកកកនៅកន្លែងដែលមានការឈឺចាប់នោះ
• ពាក់រណប ឬព្រួលតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យរហូតដល់កាលកំណត់
• ត្រូវចៀសវាងរាល់ការងារទាំងឡាយណាដែលនាំអោយជម្ងឺនេះកាន់តែធ្ងន់ធ្ងរ
• ត្រូវសម្រាកអោយបានគ្រប់គ្រាន់